សមត្ថកិច្ចព្រំដែនបិទមិនឱ្យឧកញ៉ា​ ហ៊ី គឹមហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ ចាកចេញ​ពី​ប្រទេស​កម្ពុជា​

ប្រភព​ច្បាស់​ការ​បង្ហេីបប្រាប់ថា​ សមត្ថកិច្ច​ព្រំដែន​បាន​ទទួល​បទបញ្ជា​មិនអនុញ្ញាត​អោយ​ ឧកញ៉ា​ ហ៊ី គឹមហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ ចាកចេញ​ពី​ប្រទេស​កម្ពុជា​នោះទេ​ ។  ការ​បិទច្រកព្រំដែន​មិនអោយ​ឧកញ៉ា​រូបនេះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ព្រោះតែ​បុគ្គល​នេះ​មានការ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រាប់​រយនាក់​មាន​ទឹក​ប្រាក់​ជាង​ ១០​ លានដុល្លារ​ ឯណោះ​ ។  

ប្រភពពីប្រជាពលរដ្ឋលើកឡើងថា កុំ​រត់​អី​ រត់​ទៅណា​ក៏មិនរួចដែរ​ នៅ​ឈរដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​តាម​ច្បាប់​ទៅ​ រត់​គេចខ្លួន​មិនមែន​ជាដំណោះស្រាយល្អទេ​ ។  លក់ទ្រព្យ​សង​ប្រជាពលរដ្ឋ​វិញ​ទេីបល្អ​ ។  យកលុយ​ប្រជាពលរដ្ឋ​សរុប​រាប់​សិបលានដុល្លារ​ តេីយកទៅណា​ ?  ម្ដេចមិនយកមកសង​ប្រជាពលរដ្ឋ​វិញ​ ?

ជុំវិញវិវាទដីធ្លីនេះ ស្នងការនគរបាលខេត្តកំពតកាលពី១៧ ខែមិថុនា បានចេញលិខិតកោះហៅលោកឧកញ៉ា ហ៊ី គីមហុង និងលោកឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនលក់ដីឡូត៍ពិភពដីមាស ឱ្យចូលខ្លួនមកស្រាយបំភ្លឺនៅស្នងការនៅថ្ងៃទី២៦ ខែមិថុនាខាងមុខ តបតាមបណ្តឹងរបស់ពលរដ្ឋពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។

បទចោទខាងលើនេះធ្វើឡើង ក្រោយពេលស្នងការនគរបាលខេត្តកំពតទទួលបានដាក់ពាក្យប្តឹងពីពលរដ្ឋចំនួន ៣២៣បណ្តឹង និងសរុបជាទឹកប្រាក់ ដែលពលរដ្ឋបានវិនិយោគជាមួយក្រុមហ៊ុនមានចំនួនជាង៦លានដុល្លារ។ បើតាមការបញ្ជាក់ពីស្នងការខេត្តកំពត ចំពោះដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋនាពេលនេះ គឺដោយសារ ក្រុមហ៊ុនបានរំលោភលើកិច្ចព្រមព្រៀងថា នឹងផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋតាមកិច្ចសន្យា(កុងត្រា)នៅពេលវិនិយោគជាមួយក្រុមហ៊ុន។

ក្រោយស្នងការចេញលិខិតកោះហៅរួច ភាគីក្រុមហ៊ុនពិភពដីមាស បានចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់ស្នងការខេត្តកំពតវិញថា បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងនាំឱ្យមានការខាតបង់ផលប្រយោជន៍របស់អតិថិជនខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុនក៏បានស្នើឱ្យនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួួយអន្តរាគមន៍លើបញ្ហានេះ និងព្រមទាំងពិនិត្យមើលវិជ្ជាជីវៈរបស់ស្នងការខេត្តឱ្យល្អប្រសើរឡើងវិញ។ ត្បិតក្រុមហ៊ុនទទួលស្គាល់ថា នាពេលកន្លងមក ការផ្តល់សេវារបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវ ក៏ប៉ុន្តែក្រុមហ៊ុនអះអាងថា ខ្លួនមិនមានចេតនាគេចវៀសឡើយ៕