នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” ដែលសរសេរថា “ស្រុកខ្មែរឥឡូវកាន់តែសាហាវទៅៗ សូមបងប្អូនប្រុងប្រយ័ត្ន ឯណាទៅភូមិឃុំមានសុវត្ថិភាព? អរគុណសន្ដិភាព”
ករណីនេះ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កងរាជអាវុធហត្ថបានពិនិត្យរូបភាពនិងស្តាប់ការអធិប្បាយក្នុងឃ្លីបវីដេអូរួចហើយ។ កងរាជអាវុធហត្ថបាននិងកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យឃើញការពិតអំពីករណីនេះ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ត្រី អេង ហុី សូមគោរពអញ្ជើញបុគ្គលដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” មកផ្តល់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងនាមជាពលរដ្ឋល្អ។
អ្នកនាំពាក្យកងរាជអាវុធហត្ថបានបញ្ជាក់ថា យានយន្តដែលបំពាក់សារ៉ែនរបស់កងរាជអាវុធហត្ថ គឺបានកំណត់ពណ៌ឯកភាពតែមួយទូទាំងប្រទេសដូចបង្ហាញជូនខាងក្រោមនេះ។ ចំពោះរថយន្តដែលផ្សព្វផ្សាយក្នុងឃ្លីបវីដេអូនោះ មិនមែនជារថយន្តរបស់កងរាជអាវុធហត្ថនោះទេ។
ប្រភពដដែលបន្តថា៖ “យើងខ្ញុំនៅតែខិតខំផ្ទៀងផ្ទាត់ព័ត៌មាននេះ ជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវ ហើយធ្វើការប្រកាសព័ត៌មានជាសាធារណៈជូនជ្រាប នៅពេលស្រាវជ្រាវបញ្ចប់តាមនីតិវិធី។ សូមអរគុណ”៕
អត្ថបទ៖ អក្ខរា