ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ។

កាលពីព្រឹកមិញ ឯកឧត្តម បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕