អ្នកតំណាងស្របច្បាប់ ត្រូវក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចពីកាតព្វកិច្ច ៣ចំណុច

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចាត់កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» ព្រមទាំងមានសមាជិក-សមាជិកាគណៈមេធាវីចូលរួមដោយផ្ទាល់ចំនួន ១២១នាក់។

សិក្ខាសាលានេះ បានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដែលសហការជាមួយគណៈមេធាវីក្នុងការអញ្ជើញមេធាវីចូលរួមសិក្ខាសាលា ដើម្បីទទួលបាននូវការយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប»។

សិក្ខាសាលានេះ មានគោលបំណង ដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេស ដល់អ្នកអនុវត្តច្បាប់ដែលជាមេធាវី (ទីប្រឹក្សាផ្នែកច្បាប់ ឬមេធាវីតំណាងឱ្យក្រុមហ៊ុន) ឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ នឹងចាប់អនុវត្តពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយអនុក្រឹត្យនេះក៏បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន ០៣ ដែលអ្នកអនុវត្តច្បាប់ដែលជាមេធាវី (ទីប្រឹក្សាផ្នែកច្បាប់ ឬមេធាវីតំណាងឱ្យក្រុមហ៊ុន) ដែលមាននាទីជាអន្តរការី និងជាអ្នកតំណាងស្របច្បាប់របស់បុគ្គលធ្វើធុរកិច្ចចាំបាច់ត្រូវមានការយល់ដឹង និងបន្តចែករំលែកផ្សព្វផ្សាយ និងក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចត្រូវតែដឹងអំពីកាតព្វកិច្ចទាំងនេះ រួមមាន៖ (១).ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច (២).ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង(៣).ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

សិក្ខាសាលានេះ ក៏ជួយជំរុញឱ្យធុរជនដែលធ្វើធុរកិច្ចគ្រប់វិស័យ និងធានាឱ្យមានការប្រកួតប្រជែងប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយ ស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ប្រកបដោយប្រសិទ្ធភាព៕