កម្ពុជា ទន្ទឹងរងចាំដំណើរការផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពពង្រីមកកាន់ឡាវ កម្ពុជា និងវៀតណាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានទន្ទឹងរងចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន រួមមាន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហភាពអ៊ឺរ៉ុប កាណាដា និងចក្រភពអង់គ្លេស និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤ នៅរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា, អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិស ខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។ រដ្ឋមន្ត្រីការបរទេសបានអនុម័តឧបសម្ព័ន្ធ បន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន៕

អត្ថបទ៖ អក្ខរា