ក្រសួងពាណិជ្ជកម្ម កាលរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានសេចក្ដីជូនដំណឹងដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស អាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាន។
បើតាមសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាត ឬអាជ្ញាបណ្ណ សម្រាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ ស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៣។
ហេតុនេះ ក្រសួងថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ អាចធ្វើការដាក់ ពាក្យស្នើសុំលិខិត អនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://ecommercelicensing.moc.gov.kh ឬតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDX) ឬអាចដាក់ពាក្យដោយផ្ទាល់ជាបណ្តោះអាសន្ននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបាន។
សម្រាប់ព័ត៌មានលម្អិតក្នុងការដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បុគ្គលស្នើសុំអាចធ្វើការទំនាក់ ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈ លេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ ឬ ០៨៨ ៦០៨៣ ០៨២ ដែលមាន Extension លេខ៤។
សេចក្ដីដូចបានជម្រាបជូនខាងលើ បានបញ្ជាក់ទៀតថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ សូម ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី។
យ៉ាងណាមិញ តាមរយៈសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដែរថា ក្នុងករណី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាប្រាក់ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន៕