អគ្គស្នងការចាត់ទុកការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ

អគ្គស្នងការដ្ឋាននគរបាលជាតិ ​ចេញ​មក​ទាត់​ចោល​ទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី (The Cambodia daily)។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបរាប់ថាកន្លង​មក​នេះ ខេមបូឌាដេលី បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពី​ស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនិងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​គ្រួសារ​របស់​សម្ដេច។

អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិន​ដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិ​អន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេសក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម​ផែន​ការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែល​តែង​តែ​ប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោល​បំណង​បង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយ​ជំនឿ​ជឿ​ជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋ​កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។

លើសពីនេះ ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យ​ឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិច​បំផ្លាញ​ខឿន​សន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។​អគ្គស្នង​ការ​ដ្ឋានន​គរបាលជាតិ បានគូសបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណា កុំធ្វើតាមតែការញុះញង់ បញ្ជា​ល្ងឹត​ល្ងង់​របស់​ចៅ​ហ្វាយ នាយអមិត្តដូចពេលនេះ៕