ក្រសួងការងារប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ស្តីពីសុវត្ថិភានិងសុខភាពការងារ 

 ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ ក្នុងនាមអង្គការសហជីព ប្ដេជ្ញាចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ អង្គការនិយោជក និងដៃគូផ្សេងទៀត ដើម្បីអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ឱ្យប្រកបដោយផ្លែផ្កា។

លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត។ 

លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅ គឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ 

លោកបន្តថា បញ្ហាសុវត្ថិភាព និងសុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឱ្យរដ្ឋជាសមាជិកចូលរួមអនុវត្តឱ្យបាន។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបានអាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅ តាមវិស័យសេដ្ឋកិច្ចទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ៕អត្ថបទ៖សារេត