កំលាំងជំនាញអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែនមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។
ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបានដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកក្កដា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលដល់ទីភ្នាក់ងាររដ្ឋក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន (SESU) ក្នុងការប្រើប្រាស់ឧបករណ៍រាវរកមីននៅប្រទេសប៉ូឡូញ។
វគ្គបណ្តុះបណ្តាលនេះគឺអនុវត្តបន្តពីកម្មវិធីបណ្តុះបណ្តាលដែលបានធ្វើឡើងនៅកម្ពុជាក្នុងខែមករាឆ្នាំនេះ។ ឧបករណ៍ដែលប្រើប្រាស់ក្នុងការហ្វឹកហាត់ត្រូវបានផលិតនៅនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការដោះមីនតាមរយៈការប្រើប្រាស់រ៉ាដាដែលអាចកំណត់រូបរាងរបស់មីនដែលកប់នៅក្នុងដឺ។
ស្ថានទូតបានបញ្ជាក់ទៀតថា ប្រទេសជប៉ុនបានជួយគាំទ្រដល់ CMAC អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ឧបករណ៍នានា ដូចជាឧបករណ៍រាវរកមីនជាដើម។ រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រដល់ CMAC ក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយអ៊ុយក្រែន និងប្រទេសភាគីទីបីផ្សេងទៀត៕
អត្ថបទ៖ អក្ខរា