សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរបញ្ចេញរថយន្តដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោត ដោយគ្មានការរើសអើងបក្សនយោបាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងក្នុងរង្វង់ ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានា។

ក្នុងសារសំឡេងសម្តេចតេជោ តាមតេឡេក្រាមនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ បញ្ជាក់ថា ការរៀបចំរថយន្តដឹកកម្មករទៅស្រុកំណើតនេះ ដោយមិនគិតថ្លៃ គ្មានការរើសអើងបក្សនយោបាយ ពណ៌សម្បុរអ្វីនោះទេ ហើយការដឹកជញ្ជូននេះ មិនមានការសួរនាំថា បោះឆ្នោតឲ្យគណបក្សណានោះទេ។

យ៉ាងណាមិញ សម្តេចតេជោបានណែនាំដល់អាជ្ញាធរត្រូវធានាថា កម្មករកម្មការិនីដែលចេញដំណើរទៅបោះឆ្នោតនៅថ្ងៃទី២២ ខែកក្កដា ត្រូវតែបានបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា និងវិលត្រឡប់មកវិញនៅថ្ងៃទី២៤ ខែកក្កដា៕

អត្ថបទ៖ អក្ខរា