១សប្តាហ៍ដើមខែកក្កដានេះ ភ្ញៀវទេសចរជាង ២៨ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស, ភ្ញៀវអន្តរជាតិកើនឡើងជាង ៧ភាគរយ

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ ស្ថានភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣) ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស មានភ្ញៀវសរុបមានចំនួន ២៨៦.៩៥៩ នាក់ ក្នុងនោះ៖ ភ្ញៀវជាតិ ២៥០.៨៨៧ នាក់ និងភ្ញៀវអន្តរជាតិ ៣៦.០៧២ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១.៣៨០ នាក់ ខេត្តបាត់ដំបង ៣៤.០៨០ នាក់ រាជធានីភ្នំពេញ ៣២.៧២៧ នាក់ ខេត្តកំពត ២៨.១៣៧ នាក់ ខេត្តសៀមរាប ២០.២៦៨ នាក់ ខេត្តកណ្តាល ២០.៥៤១ នាក់។

បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។

ក្រសួងបញ្ជាក់ថា ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ កាលពីថ្ងៃទី៧ ខែកក្កដា សប្តាហ៍មុន គឺជាខួបលើកទី១៥ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) ហើយថ្ងៃទី៨ ខែកក្កដា គឺជាខួបឆ្នាំទី៦ នៃការចុះបញ្ជី “ប្រាសាទសំបូរព្រៃគុន” ជាបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៣)៕