ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះអ្នកយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជាមកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល។
តាមរយៈសារលើ Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដានេះ បានសរសេរថា៖ “ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល”។
គួរជម្រាបថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសាធារណការភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងនេះ ជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥ នាតំបន់កណ្តាលក្រុង។
តាមការសិក្សារបស់រដ្ឋបាលរាជធានីភ្នំពេញ សណ្ឋានដីនៅរាជធានីភ្នំពេញ ជាតំបន់ទំនាបបាតខ្ទះព័ទ្ធជុំវិញដោយទំនប់ ហើយរងការគំរាមកំហែងដោយទឹកជំនន់ពី ៣ប្រភព គឺទី១ គឺជំនន់ដោយទឹកភ្លៀង ទី២ ជំនន់ដោយទឹកទន្លេ និងទី៣ ជំនន់ពីស្ទឹងព្រែកត្នោត។
ក្រៅពីទឹកជំនន់, ការកសាងបណ្តាញលូមិនគ្រប់គ្រាន់ដោយសារការអភិវឌ្ឍន៍ទីក្រុងលឿនពេក បញ្ហាសំរាមក្នុងពោះប្រឡាយ បាំងសំរាស់មុខស្ថានីយ៍បូមទឹក បញ្ហាកំណកលាមកក្នុងលូ ប្រឡាយ ក៏ឧបសគ្គផ្លូវទឹកហូរដែរ ដែលបណ្តាលឲ្យមានជន់លិចតាមផ្លូវធ្វើដំណើរមួយចំនួន និងផ្នែកខ្លះនៅរាជធានីភ្នំពេញ ជាពិសេសក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ៕
អត្ថបទ៖ អក្ខរា