កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុង ចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្ត្រ។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសារលិខិតសម្តេចតេជោ បានឲ្យដឹងពីចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលជាងពីរទស្សវត្សរ៍កន្លងទៅនេះ ពោលគឺបានកើនពីចំនួន១១,៤លាននាក់ នៅឆ្នាំ១៩៩៨ ដល់ចំនួន១៦,៨លាននាក់ នៅឆ្នាំ២០២២ ដែលមានអត្រាកំណើនប្រចាំឆ្នាំ១,៦ភាគរយ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២។ នៅឆ្នាំ២០២២ ស្រ្តីមានចំនួនសរុប៨,៦លាននាក់ (ប្រមាណ ៥១ភាគរយ) រីឯស្រ្តីក្នុងវ័យ បន្តពូជអាយុ១៥-៤៩ឆ្នាំ មានចំនួន៤,៦លាននាក់ (ស្មើនឹង៥៣ភាគរយ នៃស្ត្រីសរុប)។ ការកើនឡើងនៃប្រជាជន កម្ពុជានាពីរទសវត្សរ៍ចុងក្រោយនេះ បណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព ការកើនឡើងនៃអាយុសង្ឃឹម រស់និងសន្ទុះកំណើន។ អត្រាមរណភាពមាតាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្លាក់ចុះពី៤១០នាក់ ក្នុង ១០០ ០០០កំណើតរស់ នៅឆ្នាំ២០០៨ មកត្រឹម១៧០នាក់ ក្នុង១០០ ០០០កំណើតរស់ នៅឆ្នាំ២០១៤ និង នៅត្រឹម១៥៤នាក់ក្នុង១០០ ០០០កំណើតរស់ នៅឆ្នាំ២០២១-២០២២។ ចំណែកអត្រាមរណភាពកុមារអាយុ ក្រោម៥ឆ្នាំ ថយចុះយ៉ាងខ្លាំង គឺថយចុះពី១២៤នាក់ ក្នុង១ ០០០កំណើតរស់ នៅឆ្នាំ២០០០ មកត្រឹម ៥៤នាក់ ក្នុង១ ០០០កំណើតរស់ នៅឆ្នាំ២០១០ និងមកត្រឹម១៦នាក់ ក្នុង១ ០០០កំណើតរស់ នៅឆ្នាំ២០២១-២០២២។ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាមានការកើនឡើងជាលំដាប់ គឺកើនពី៥៤ឆ្នាំ សម្រាប់បុរស និង៥៨ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ១៩៩៨ ដល់៦១ឆ្នាំ សម្រាប់បុរស និង៦៤ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០០៨ និងដល់៧៤,៣ឆ្នាំ សម្រាប់បុរស និង៧៦,៨ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០១៩។
បើតាមសម្តេចតេជោ នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍ រួមទាំងវិស័យឯកជននិងសង្គមស៊ីវិល ក្នុងការកែលម្អនិងការអភិវឌ្ឍវិស័យសុខភាពសាធារណៈ៕
អត្ថបទ៖ អក្ខរា