ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកកំសាន្តខេត្តព្រះសីហនុបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បន្ថែមថា សមុទ្រកម្ពុជាយើងគឺបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិនៅក្នុងសមុទ្រដែលក្នុងនោះក៏បានផ្តល់ផលឱ្យវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហ៍កម្ម សេដ្ឋកិច្ច ជាដើម ហើយជាមួយគ្នាក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាសុីណូជាដើម សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម សាយ សំអាល់ បន្ថែមទៀតថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ គ្រប់វិស័យក៏បាននឹងកំពុងអភិវឌ្ឍឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុតចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការចាំបាច់លើគ្រប់ផ្នែកក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា៕