ក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវ រងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយ ចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន៕
អត្ថបទ៖ អក្ខរា