ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើន ពិសេសដើមត្នោតតំណាងអត្តសញ្ញាណជាតិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះឱ្យអស់សក្តានុពលដែលមានតាមសហគមន៍ ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។ ជាមួយគ្នានេះ អង្គព្រះមហាក្សត្រ ក៏អំពាវនាវឱ្យជនរួមជាតិបន្តដាំដើមត្នោត ដែលជារុក្ខជាតិអត្តសញ្ញាណជាតិ និងដើមឈើកម្រផ្សេងទៀតផងដែរ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ ដើមឈើទាល ដើមគគីជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិឋាននានា តាមភ្លឺស្រែ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍នានា»។

ព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ៩កក្កដា នៅស្ថានីយដាំឈើ ម្សៅក្រដាស ហ៊ុន សែន មា.នក ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អត្ថបទ៖ អក្ខរា