ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចែករំលែកបទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធាដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត។
ក្នុងសំណេរលើបណ្តាញសង្គម ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរដោយរៀបរាប់ថា មានមិត្តមួយចំនួនបានប្រាប់ថាកាន់តែជិតដល់បោះឆ្នោតមានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបឯកឧត្តម ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខរហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ។
បញ្ហានេះនាំអោយ ឯកឧត្តម នឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋ អាមេរិកគឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក ។
ចំពោះការចែករំលែកបទពិសោធន៍នេះ ឯកឧត្តម បានបកស្រាយពន្យល់ ពីបញ្ហាប្រឈម និងវីធីសាស្ត្រដើម្បីជោគជ័យ យ៉ាងដូច្នេះ៖
* សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។
– កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។
– កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលានឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់ញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់។
* ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ និងប្រមូលផ្តុំអារម្មណ៍អោយមូលហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។
២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។
សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។
ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ៕
អត្ថបទ៖ ពុទ្ធិកា