សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យប្រជាពលរដ្ឋ មន្រ្តីគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធដែលធ្លាប់តាមដាន ព្រមទាំងមានក្រុមការងារតាមដានផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច មកតាមដានតាមគណនីបណ្តាញសង្គមចំនួន៣នេះវិញដើម្បីទទួលបានព័ត៌មាន ផ្តល់មតិ ឬស្នើឱ្យសម្តេចជួយ។
ការចេញមកបញ្ជាក់តាមតេឡេក្រាមផ្លូវការនៅរាត្រីថ្ងៃសៅរ៍កក្កដានេះរបស់សម្តេចតេជោធ្វើឡើងក្រោយសម្តេចប្រកាសបិទហ្វេសប៊ុក ខណៈហ្វេសប៊ុកសម្តេចពេលមុនមានប្រជាពលរដ្ឋស្វែងរកការផ្តល់ព័ត៌មានឬរកការជួយពីសម្តេចតាមរយៈហ្វេសបុក។
សម្តេចតេជោបានសរសេរសារបញ្ជាក់ថា៖ «ពេលនេះខ្ញុំបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯងដោយងាកទៅប្រើតេឡេក្រាមធ្វីសធឺតិកតុក(telegram,twitter,TikTok)ជំនួសវិញ។ ដើម្បីទទួលបានព័ត៌មានពីខ្ញុំផ្តល់មតិឲ្យខ្ញុំឬស្នើសុំឲ្យខ្ញុំជួយសូមបង្កើត ប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ខាងលើនេះរបស់ខ្ញុំ។ បណ្តាញទាំង ៣ ខ្ញុំបើកឲ្យចូលមានមតិបានគ្រប់បណ្តាញ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏សូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់សម្តេចទៅតាមដានគណនី Telegram,twitter,TikTok របស់សម្តេចវិញព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,TikTok ៕