អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពស់២១ជាន់ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សំណង់អគារដ៏ធំស្កឹមស្កៃមានកម្ពស់២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើប គឺនឹងជួយបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានថ្លែងបន្តថា៖« អគារដ៏ធំស្កឹមស្កៃនេះ គឺជាវឌ្ឍនភាពដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់ ថា្នក់ដឹកនាំ អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ប.ស.ស. ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដឹកនាំអង្គភាពមួយនេះ តាំងពីថ្ងៃកកើតដំបូងរហូតដល់បច្ចុប្បន្ន និងសម្រេចបានជាលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ។
គួរបញ្ជាក់ថា អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីនេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំណាយថវិកាសាងសង់អស់ប្រមាណជា ៤៣លានដុល្លារអាមេរិក ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់។ អគារស្នាក់នេះមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីដែលមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ, ប្រព័ន្ធគ្រប់គ្រងអគារ, ប្រព័ន្ធត្រជាក់, ប្រព័ន្ធគ្រប់គ្រងទឹក, អគ្គីសនី, ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ, ប្រព័ន្ធគ្រប់គ្រងទិន្នន័យ, គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង ១ ០៤០ម៉ែត្រ ដើម្បីឱ្យស្របតាមកំណើនទំហំការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងអាចធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវា និងអត្ថប្រយោជន៍ជូនសមាជិកខ្លួន៕ អត្ថបទ៖ ពិសី