ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ប្តេជ្ញាចេញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា

ប្រជាពលដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដោយទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

តាមរយៈឃ្លីបវីដេអូដែល Karpit News ទទួលបានជាបន្តបន្ទាប់ពីក្រុមប្រជាពលរដ្ឋ យុវជន បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត កីឡាករប្រដាល់ជាដើម បានចេញសារប្តេជ្ញាចិត្តចេញទៅបោះឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សាររបស់ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញឲ្យឃើញពីការយល់ដឹងខ្ពស់ និងសារៈសំខាន់នៃការបោះឆ្នោត ស្របជាមួយនឹងការឃោសនារកសំឡេងឆ្នោតពីបណ្តាគណបក្សនយោបាយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា កំពុងប្រព្រឹត្តទៅយ៉ាងរលូន ដែលបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយក្នុងសង្គមកម្ពុជា។

សូមជម្រាបថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ពលរដ្ឋក៏ត្រូវដឹងឲ្យបានច្បាស់អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។

អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់នៅការិយាល័យបោះឆ្នោត និងបោះឆ្នោតជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយមកលើយើងបានឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសរុប 9,710,655នាក់ (ស្រី 5,161,909នាក់) ជនពិការសរុប 34,887នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេស មានចំនួន 23,789ការិយាល័យ៕

អត្ថបទ៖ អក្ខរា