គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សេចអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត។
ក្នុងសេចក្តីអំពាវនាវរបស់គ.ជ.ប បញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។
ដើម្បីឱ្យប្រជាពលរដ្ឋសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតសូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត៕
អត្ថបទ៖ អក្ខរា