អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ រៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើប្រាសាទព្រះវិហារតែម្ដង។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរនឹងរៀបចំប្រារព្ធពិធីឱ្យអធិកអធមជាងឆ្នាំមុនៗ តាមរយៈពិធីរាប់បាតព្រះសង្ឃចំនួន៧៧អង្គនៅគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។
តាមអាជ្ញាធរជាតិព្រះវិហារ កម្មវិធីនេះ នឹងមានការចូលរួមដោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនានាប្រចាំនៅកម្ពុជាដែលជាសហប្រធាន សមាជិក និងស្ថាបនិកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារហៅកាត់ថា ICC-Preah Vihear ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស ប្រមាណ ១០០០នាក់។
លើសពីនេះ ក៏នឹងមានកម្មវិធី រត់ប្រណាំងប្រាសាទព្រះវិហារ (Preah Vihear Temple Run) ដែលចែកចេញជាពីរប្រភេទ គឺរត់ចម្ងាយ៧គីឡូម៉ែត្រ និងការដើរសម្រាប់ចម្ងាយ៧០០ម៉ែត្រ នៅទីលានប្រាសាទព្រះវិហារ រួមទាំងការប្រគំតន្ត្រីនៅថ្ងៃទី៩ខែកក្កដា ដើម្បីធ្វើឱ្យការប្រារព្ធពិធីកាន់តែមានភាពសប្បាយរីករាយ។
គួររំឭកថា ប្រាសាទត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងទីក្រុង កេប៊ិច ប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថាបនិក ICC-Preah Vihear ទាំងជំនួយថវិកា បច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ៕
អត្ថបទ៖ អក្ខរា