សារពិសេស! សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកយកឈ្មោះសម្តេចទៅបង្កើត Tiktok លុបចោលជាបន្ទាន់

សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យបញ្ឈប់ និងលុបចោលទាំងស្រុងនូវគណនី Tiktok ដែលយកឈ្មោះសម្តេចទៅប្រើ ខណៈមានគណនីក្លែងក្លាយជាច្រើនដែលបង្កើតឲ្យមានការភាន់ច្រលំ។

តាមរយៈសារសំឡេងពិសេសមួយនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលទទួលបានសារសំឡេងរបស់សម្តេចនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើមិនដូចច្នេះនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ។ សម្តេចបញ្ជាក់ថា ការមានគណនី Tiktok ក្លែងក្លាយច្រើន នាំឲ្យមានការយល់ខុសពីសារ ឬរូបភាពដែលបានបង្ហោះចេញទៅ។

សម្តេចលើកឡើងថា អ្នកយកឈ្មោះ រូបសម្តេចទៅបង្កើត Tiktok មិនមានចេតនាអាក្រក់ណាមួយទេ តែសម្តេចសុំឲ្យលុបចោលចាប់ពីថ្ងៃនេះទៅ សូម្បីតែ ឈ្មោះ Hun Sen Fans ក៏មិនឲ្យមាននោះដែរ៕

អត្ថបទ៖ អក្ខរា