ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហាញសាវតារូបភាព ៣សន្លឹកកាលរៀននៅអាមេរិកសាលា West Point

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីខាងគណបក្សប្រជាជនកម្ពុជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែកចាយរូបភាពអនុស្សាវរីយ៍រំឭកកាលរៀនបណ្ឌិតសភាយោធានៅសហរដ្ឋ អាមេ រិក ដោយបង្ហាញពីក្បួនលោតឆ័ត្រយោងពីលើអាកាស។

បង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា៖ អង្គុយមើលរូបចាស់ៗកាលពីនៅរៀន បានឃើញរូបមួយសន្លឹកនេះ ដែលបានថតកាលពីខ្ញុំរៀននៅឆ្នាំទី៤ នៅសាលា West Point។

ឯកឧត្តមបណ្ឌិតបានពន្យល់ថា នៅលើហោប៉ៅអាវខាងឆ្វេងមាន៖ ១) អាំងស៊ីញរូបឧទ្ធម្ភាគចក្រ (Air Assault)ដែល​ខ្ញុំបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតាមឧទ្ធម្ភាគចក្រ នៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York និង ២) អាំងស៊ីញរូបឆ័ត្រយោង (Airborne) ដែលខ្ញុំបានទទួលនៅឆ្នាំ១៩៩៨ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆ័ត្រយោងកងទ័ពអាមេរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិតបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន បន្តថា នៅលើហោប៉ៅអាវស្តាំ (លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ដែលខ្ញុំទទួលបានពីសាលា West Point។ អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូននិស្សិតនាយទាហានដែលជាប់និទ្ទេសជានិស្សិតពូកែ (Dean’s List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និង កីឡា(Physical)។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មានអាយុ ៤៦ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយឧត្តមសេនីយ៍ផ្កាយ ៤បួន មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តីតាំងពីឆ្នាំ២០១៨។

សូមជម្រាបជូនថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង ឯឧ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕