ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា(ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន…។ល។ ឯកឧត្តមបានឲ្យលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបញ្ជាក់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។
ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ ៖ ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ ម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ។ ទឹកខ្មៅលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ ៖ទី១-ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន ២ដប ទី២-បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងទី៣-រក្សាទុកនៅ គ.ជ.ប មួយចំនួន៕
អត្ថបទ៖ អក្ខរា