បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាត ឲ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។
ដូច្នេះ ក្រសួងសុខាភិបាល ស្នើក្រសួងប្រៃសណីយ៍ ជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឲ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ អក្ខរា