អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
ការអំពាវនាវនេះ បន្ទាប់ពីមានករណីប្រជាពលរដ្ឋដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹម ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៧នាក់ ស្រី៤នាក់រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕
អត្ថបទ៖ អក្ខរា