ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ “យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែកក្កដា។
ក្រសួងអប់រំបានឲ្យដឹងថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
ក្រសួងអប់រំបានបញ្ជាក់ថា យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង ៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត ១០០០បន្ទប់។
តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះ បណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់លើប្រធានបទចំនួន ៦ រួមមាន៖ ១. ការស្វែងយល់ពីវិធីសាស្ត្ររៀន ២. ការរៀនដោយស៊ីជម្រៅ ៣. ការរៀនតាមបែបពន្លឿន ៤. ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ៥. ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៦. ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ Duraseksa – ទូរសិក្សា៕
អត្ថបទ៖ អក្ខរា