សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកសមាជិការគណបក្សប្រជាជន និងនបណ្តាគណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ នេះបើតាមសារអំពាវនាវរបស់សម្តេចតេជោ ចេញផ្សាយតាមតេឡេក្រាមនៅយប់ថ្ងៃទី៤ ខែកក្កដា។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកន្លងទៅនេះយើងបានរកឃើញជនមួយចំនួនបានក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជន និងបានទៅណែនាំអ្នកបោះឆ្នោតឲ្យគូសលើសន្លឹកឆ្នោតគំរូ ធ្វើយ៉ាងណាដើម្បីកុំឲ្យសន្លឹកឆ្នោតនោះយកជាការបាន។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្រាវជ្រាវករណីនេះបន្ទាន់ ព្រោះក៏មានក្រុមបង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញ ពីរបៀបគូសសន្លឹកឆ្នោតបែបនេះផងដែរ។ សម្តេចបានបញ្ជាក់ថា “យើងត្រូវតែចាប់ខ្លួនឲ្យបាន អ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណណបក្សប្រជាជន ហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស”។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំពោះជនទុច្ចរិតនេះ មិនត្រូវបានទទួលការអត់ឱនឡើយ៕
អត្ថបទ៖ អក្ខរា