កម្ពុជា ហាមបុគ្គលចំនួន២២នាក់ ដែលជាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែកក្កដានេះ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បុគ្គលទាំង២២នាក់នោះរួមមាន Kenji Yoshino, Julie Owono, Pamela San Martin, Ronaldo Lemos, Michael McConnell, Nighat Dad, Katherine Chen, Andras Sajo, Emi Palmor, John Samples, Khaled Mansour, Suzanne Nossel, Tawakkol Karman, Catal ina Botero-Marino, Afia Asantewaa Asare-Kyei, Nicolas Suzor, Paolo Carozza, Evelyn Aswad, Sudhir Krishnaswamy, Hel le Thorn ing-Schmidt, Alan Rusbridger និង Endy Bayuni។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនា រារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និង ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ទាំង២២នាក់ ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)៕
អត្ថបទ៖ ពុទ្ធិកា