រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។
ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញ កាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសវាពិនិត្យ ផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត៕