អាជ្ញាធររាជធានី សុំការយោគយល់ពីពលរដ្ឋ ចំពោះការលិចលង់នៅតំបន់មួយចំនួន

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដោយរយៈកម្ពស់ ១៥៣មម ប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ។ អាជ្ញាធរសុំបងប្អូនមេត្តាយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ។

តាមរយៈផេកហ្វេសប៊ុកកាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីបញ្ជាក់ថា ជាមួយនឹងប្រសិទ្ធភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤​កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន៕

អត្ថបទ៖ អក្ខរា