ទីបំផុត! នារីវ័យក្មេងរងគ្រោះ ៤នាក់ មានតំណាងប្តឹងក្រុមរកស៊ីថតរឿងស្រេីបស្រាល ដាក់ពន្ធនាគារ និងទាមទារសងជំងឺចិត្ត

នារីវ័យក្មេង ០៤នាក់ ក្នុងនោះមានអនីតិជន ០៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងក្រុមរកស៊ីថតរឿងស្រេីបស្រាល ឈ្មោះ សុខលីម រក្សា និងឈ្មោះ សេក ដារ័ត្ន រួមទាំងបក្ខពួកពីបទផ្តើមគំនិត និងសមគំនិតក្នុងអំពើប្រទូស្តកេរខ្មាស់ តាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ។

ជនរងគ្រោះទាំង ០៤ បានដាក់ពាក្យបណ្តឹងតាមរយៈតំណាង គឺឯកឧត្តម លី សាម៉េត ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានខ្នះខ្នែងស្វែងរកយុត្តិធម៌ដល់ក្មេងស្រី ដែលត្រូវបានជនមួយក្រុមបង្ខិតបង្ខំឲ្យសំដែងរឿង មិនសមរម្យ ហេីយថែមទាំងបានបៀតបៀនកេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ។

តាមរយៈហ្វេសប៊ុកឯកឧត្តម លី សាម៉េត បានឲ្យដឹងថា៖ “នៅព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ( លី សាម៉េត )សូមជំរាបដល់បង ប្អូនកូនក្មួយ ឲ្យបានជ្រាបថា បញ្ហាចៅស្រីៗទាំង០៤ នាក់នេះ ខ្ញុំបាទ ជាតំណាងឲ្យចៅៗទាំង០៤ នាក់បានដាក់ពាក្យបណ្ដឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រួចជាស្រេចហេីយ។ សូមបងប្អូនកូនក្មួយទាំងអស់ ដែលគោរពស្រលាញ់ពូ ពិចារណាមេីល ទោះបីជារឿងហេតុអ្វីក៏ដោយ មិនគួរពួកជនល្មេីសទាំងអស់នោះ យករឿងអាសអាភាស ក្មេងស្រីមិនទាន់គ្រប់អាយុផង ទោះបីក្មេងស្រីគ្រប់អាយុ ក៏ដោយក៏ពួកជនល្មេីសទាំងអស់នោះ ក៏មិនគួរយករឿង អាសអាភាសទាំងអស់នោះ បង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុកដែរ បណ្ដាលឲ្យអាប់អោនប្រពៃណីខ្មែរ ជាយូរលង់មកហេីយ និងធ្វេីឲ្យប៉ះពាល់ដល់សង្គមជាតិ សំខាន់បំផុតវប្បធម៌ខ្មែរ យេីងដែលមានភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងរុងរឿង។ មិនគួរឲ្យបុគ្គល ឬជនល្មេីសមួយក្រុមនេះ កាត់តវីដេអូរខ្លីៗ រឿងអាសអាភាស ដេីម្បីកេងចំណេញរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ! ខ្ញុំបាទសូមអរគុណ និងអរព្រះគុណគ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធក្នុងរឿងនេះ ដែលបានជួយសហការណ៍ ដេីម្បីលុបបំបាត់រឿង ដែលធ្វេីឲ្យប៉ះពាល់ដល់វប្បធម៌ស្រ្តីខ្មែរយេីង។”

ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ដួង តារា កាលពីពេលថ្មីៗនេះ ក៏បានសម្តែងការមិនពេញចិត្តជាខ្លាំង និងអន្តរាគមន៍ប្រគល់ជំនាញច្បាប់ចាត់ការក្រុមនេះដែរ។ ឯកឧត្តម មានជំនឿនិងសង្ឃឹមលេីក្រសួងជំនាញ និងពាក់ព័ន្ធនានា ចាត់វិធានការហេីយធ្វេីសន្និសីទកាសែតជម្រាបជូនសាធារណៈបិទក្រុមរកស៊ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល​ និង​ live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណី និងសង្គមជាតិយេីង។

សូមជម្រាបថា យុវតី ០៤នាក់ អ្នកខ្លះអាយុទេីបតែ ១៤ឆ្នាំ និង ១៧ឆ្នាំ បានទំនាក់ទំនងថតវីដេអូខ្លីៗអប់រំ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង ផេក ឡាយ ហ្វីម (Life Film) និង ឡាយ តារា ញូ (Life Dara News) ជាថ្នូរនឹងប្រាក់ឈ្នួលចំនួន ៣០០ (បីរយ) ដុល្លាអាមេរិក ក្នុង១ខែ។ ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសំដែងរឿង មិនសមរម្យមានប៉ះពាល់បៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ និងបានយកឃ្លីបវីដេអូបែបអាសអាភាសទាំងនោះទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតផង៕

អត្ថបទ៖ អក្ខរា