ក្នុងន័យបង្កើនសមត្ថភាពសម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រទេសបារាំងបានផ្តល់ការជួយបណ្តុះបណ្តាលភាសាបារាំង ដល់កងកម្លាំងទ័ពមួកខៀវកម្ពុជា។ វគ្គសិក្សាបំប៉នភាសាបារាំងនេះ ធ្វើឡើងក្រោមការជួយឧបត្ថម្ភពីអង្គការអន្តរជាតិនិយាយភាសាបារាំង OIF ដែលមានរយៈពេល ២ឆ្នាំ និងតម្រូវឲ្យសិក្ខាកាមធ្វើតេស្តវាស់ស្ទង់សមត្ថភាពរយៈពេល៦ខែម្តង។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមទាំងអស់ក្នុងការបង្កើនចំណេះនិងជំនាញផ្នែកភាសាបារាំង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្ឡួនឆ្លើយតបទៅនឹងសកម្មភាពរក្សាសន្តិភាពបូក ដែលក្នុងនោះផ្តោតសំខាន់លើការពង្រឹងកិច្ចសហការ និងការបង្កើនសមត្ថភាពកងកម្លាំងរក្សាសន្តិភាពក្នុងគ្រប់តំបន់បេសកកម្ម។
ជាមួយគ្នានេះ ឯកឧត្តម Jacques Pellet (ហ្សេក ប៉េឡេត) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងថា ការបង្រៀនភាសាបារាំង ក្នុងវិស័យយោធា មានសារៈសំខាន់ណាស់ ក្នុងការរៀបចំបេសកកម្មរក្សាសន្តិភាព។ ការបណ្តុះបណ្តាលភាសាបារាំង ក្នុងវិស័យយោធានេះ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដើម្បីធានាថា ការចូលរួមរបស់កងកម្លាំងមួកខៀវជាស្ត្រី នៅក្នុងប្រតិបត្តិការរក្សាសន្តិភាព។
លោក Edgar DOERIG តំណាង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏បានគូសបញ្ជាក់ថា ការពិតការចេះភាសាបារាំងគឺជាស្ពានដ៏សំខាន់មួយដែលនាំមកនូវបង្កើតចំណងទំនាក់ទំនង ការជឿទុកចិត្ត ជាមួយអាជ្ញាធរដែនដី ប្រជាជន បង្កើនប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ការប្រាស្រ័យទាក់ទង និងវប្បធម៌ក្នុងតំបន់បេសកកម្ម។ ភាពស្ទាត់ជំនាញលើការប្រើប្រាស់ភាសាបារាំងនឹង ជួយសម្រួល ការប្រាស្រ័យទាក់ទងជាមួយកងកម្លាំងដៃគូរ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែង។
គួរបញ្ជាក់ថា ការរៀបចំអនុវត្តវគ្គហ្វឹកហ្វឺន ដោយម្ចាស់ការខ្លួនឯង ជាមួយនិងការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រទេសជាមិត្ត ជាពិសេសពីសាធារណរដ្ឋបារាំង នៅក្នុងរយៈពេល១៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួនជាង៩ពាន់នាក់ ដែលក្នុងចំនួននេះមានស្ត្រីចំនួនជិត៨០០នាក់ ទៅចូលរួម ១១បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុង៩ប្រទេស នៅក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប៕
អត្ថបទ៖ ពុទ្ធិកា