រឿងរ៉ាវលោក បឺត សំរេច អះអាងថា ខ្លូនជាកូនប្រុសបង្កើតរបស់ធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅមិនទាន់ជ្រះស្រលះនៅឡើយ។ មហាជននៅតែមានមន្ទិល ខណៈមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់ថា អតីតអ្នកប្រដាល់រូបនេះ ពិតជាកូនប្រុសលោក ស៊ីន ស៊ីសាមុត ប្រាកដមែន។
ជុំវិញរឿងនេះ មេធាវីមួយរូបប្រកាសជួយលោក បឺត សំរេច ដើម្បីបំបាត់ក្តីមន្ទិលសង្ស័យ ក្នុងការប្តឹងទាមទារស្វែងរកបិតុភាពតាមផ្លូវតុលាការ។
តាមរយៈគណនីហ្វេសប៊ុកមេធាវី អ៊ុំ រតនា / Atty. Rattana UM នៅថ្ងៃទី៣ ខែកក្កដានេះ បានបង្ហោះថា៖ “មួយរយៈនេះ មានការជជែកវែកច្រើនរឿងរ៉ាវនេះ ខ្លះជឿ ហើយខ្លះក៏មិនជឿ ក្នុងករណីនេះ ប្រសិនបើលោក ប៊ីត សម្រេច ចង់បំបាត់ក្តីមន្ទិលសង្ស័យ គាត់មានសិទ្ធិពេញលេញ ក្នុងការប្តឹងទាមទារស្វែងរកបិតុភាពតាមផ្លូវតុលាការ។ ក្នុងករណីលោក ប៊ឺត សម្រេច ចង់ប្រឹក្សា ឬប្រើប្រាស់សិទ្ធិនេះ ខ្ញុំនឹងជួយដោយមិនគិតថ្លៃ។ សូមអរគុណ ! “៕
អត្ថបទ៖ អក្ខរា