ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋាន ក្រោមដីសួនច្បារសាធារណៈ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អ៊ីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក ។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ឯកឧត្តម បានបន្តថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូន អាជីវករ កាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ។
ជាមួយគ្នានេះ លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) ក៏បានលើកឡើងដែរថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ក្នុងនោះ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង ។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា បានបន្ថែមថា គោលបំណងដែលក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរអោយអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕
អត្ថបទ៖ ពុទ្ធិកា