សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន សខេង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ
បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម និងលោកជំទាវ បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ សម្ដេច និងលោកជំទាវ តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីប្រាសាទភ្នំបាណន់ ជួយអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជា បន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម និងលោកជំទាវបានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តបាត់ដំបងនាថ្ងៃទី១ ខែកក្កដា ហើយនៅថ្ងៃនេះនឹងបន្តយុទ្ធនាការតាមបណ្ដាក្រុងស្រុកនានាក្នុងខេត្តបាត់ដំបងជាបន្តទៀត៕