អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម”។វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃពេញ នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានលើកឡើងថា ការបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្គោល ក្នុងការបង្កើនសមត្ថភាព សុវត្ថិភាពចរាចរណ៍ស្តីពីវិធានការណ៍បង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត ដល់កម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅតាមរោងចក្រគោលដៅ ក្នុងន័យលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។
បើតាម AIP វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះមានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារដែល បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង ២០ % គឺជាកម្មករនិយោជិត (គ្រប់វិស័យ ទាំងការធ្វើដំណើរទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជាស្រ្តី។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី មានសេចក្តីរំពឹងទុកថា ជនបង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ ជំនាញសម្របសម្រួល និងមានសមត្ថភាពធ្វើការផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល និងចែករំលែកបន្តយ៉ាងសកម្ម និងទូលំទំលាយដល់កម្មករនិយោជិតនៅតាមសាមីរោងចក្រ៕
អត្ថបទ៖ អក្ខរា