អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រក សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមិថុនានេះ។
គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មេីលទីតាំងឡមុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៌ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។
លោកបានបន្តទៀតថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក(ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។
ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល៨០ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។
គួរបញ្ជាក់ផងថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក ក្នុងភូមិរំចេក ស្ថានីយទី២ នៅគោកអាចម៌ដែកក្បែរភ្នំបូកក្នុងភូមិស្រែចង្ហូត និងទី៣ នៅស្ថានីយត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ៦៧៕