សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំ ដឹកនាំល្អលើសខ្ញុំច្រើនដង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរីកចម្រើនជាងសម្តេចច្រើនដងទៅទៀត។ សម្តេចបានលើកឡើងបែបនេះ ក្នុងវេទិកាសំណេះ​សំណាល​ជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំសុំបញ្ជាក់ ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាតបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង“។ តែយ៉ាងណា​សម្តេចបញ្ជាក់ថា ក្នុងករណីឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី បើមិនសួរអំពីកិច្ចការសម្តេច នោះសម្តេចនឹងឆ្លើយនោះទេ ពោលគឺសម្តេចមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្រ្តីថ្មីនោះទេ គឺទុកឲ្យអ្នកដឹកនាំថ្មីមានម្ចាស់ការលើកខ្លួនឯង។

បើតាមសម្តេចតេជោ ហ៊ុន សែនទោះបីនៅខាងពេលមុខសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ សម្តេចនៅតែកាន់កាប់កិច្ចការនយោបាយប្រទេស ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ អក្ខរា