រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច។
គួរបញ្ជាក់ថា សមិទ្ធផលដែលបានបើកការដ្ឋានសាងសង់នាព្រឹកមិញ រួមមាន៖ទី១ ផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) បណ្តោយប្រវែង ៤.០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងទី២ ស្ពានបេតុងអាម៉េចំនួន ០២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
អត្ថបទ៖ ពុទ្ធិកា