ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីសក្កានុពលយុវជនកម្ពុជា និងការប្រើប្រាស់កម្លាំងឲ្យចំទិសដៅ

«សក្តានុពលធំមួយរបស់កម្ពុជា គឺប្រជាជនរបស់យើង។ ខ្ញុំមានការជឿជាក់ចំពោះអនាគតកម្ពុជា ដែលមានធនធានប្រជាជនវ័យក្មេង ពោរពេញដោយសមត្ថភាព ការត្រិះរិះពិចារណា ការចេះគិតគូរប្រកបដោយគំនិតច្នៃប្រឌិត និងឆន្ទៈខ្ពស់។ ប៉ុន្តែ ខ្ញុំផ្ទាល់ តែងមានការផ្សារភ្ជាប់ទៅនឹងសំនួរមួយថាតើសមត្ថភាព និងកម្លាំងរបស់យុវជនទាំងអស់នោះ ត្រូវបានប្រើប្រាស់ឆ្ពោះទៅទិសដៅណាមួយ។ ជាឧទាហរណ៍ពីប្រវត្តិកម្ពុជាជាក់ស្តែង បើយើងក្រឡែកមើលទៅអតីតកាល ដំណាក់កាលរដ្ឋប្រហារលន់ នល់ បើមិនមានការចូលរួមពីកម្លាំងយុវជន រដ្ឋប្រហារនោះក៏មិនអាចជោគជ័យ។ ក្នុងនោះដែរ កម្លាំងរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ បើសិនមិនមានកម្លាំងនៃការចូលរួមរបស់យុវជន យុវនារីដែលមានភាពក្លាហាន លះបង់នោះទេ ក៏មិនអាចទទួលបានជោគជ័យ។ អ្វីដែលយើងអាចរៀនសូត្របាននោះគឺ ករណីទី១ កម្លាំងរបស់យុវជន បាននាំអោយកម្ពុជាធ្លាក់ក្នុងទំព័រប្រវត្តិសាស្ត្រខ្មៅងងឹត ផ្ទុយទៅវិញករណីទី២ តាមរយៈកម្លាំងរបស់យុវជន ដែលចូលរួមក្នុងរណសិរ្ស ២ធ្នូ យើងបានរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាពពេញលេញក្នុងប្រទេស។ ក្នុងន័យនេះ ស្របពេលដែលយើងមានកម្លាំងយុវជនខ្លាំង គឺទាមទារការប្រើប្រាស់កម្លាំងនោះឱ្យចំទិសដៅ ទាំងទស្សនៈ និងការអនុវត្ត ហើយកម្លាំងយុវជន ត្រូវតែជាកម្លាំងរួមដែលក្លាយជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងសង្គម ដើម្បីរួមគ្នាធ្វើអោយប្រទេសយើងជាតិកាន់តែប្រសើរ»។

ខាងលើនេះ គឺជាចម្លើយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តបទៅនឹងសំណួរថា តើអ្វីដែលឯកឧត្តមមើលឃើញចំពោះសក្តានុពលយុវជនកម្ពុជា? ហើយតើឯកឧត្តមចង់ឃើញការប្រើប្រាស់សក្តានុពលនោះយ៉ាងណា? ដែលសួរដោយអង្គពិធីសំណេះសំណាលថ្នាកដឹកនាំ សមាជិក សមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣៕