រយៈពេលមួយឆ្នាំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់។
លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដា ខាងមុខនេះ នឹងធ្វើការបង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡ កំដៅចន្លោះពី១,០០០ទៅ១,២០០អង្សាសេ។
ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។
ដូចនេះបើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។
សូមជម្រាបផងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្ស វត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។ សារមន្ទីរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥៕