អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោក អេភូថង ហើយបច្ចុប្បន្នលោកមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ។ ក្រុមការងារ ថ្នាក់ដឹកនាំGalaxy ក៏សម្រេច មិនឱ្យលោកលក់ក្លឹបនោះទេ គឺGalaxyទទួលការផ្ទេរក្លឹបប្រដាល់គុនខ្មែររបស់លោកមករួមរស់ជាមួយគ្នាដើម្បីបង្កើតកម្មវិធីប្រដាល់ និងស្វែងរក Sponsor ដើម្បីចិញ្ចឹមជីវភាព របស់ក្លឹបគុនខ្មែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា ការផ្ទេរក្លឹបនេះ គឺរក្សានៅអត្តសញ្ញាណកេរ្ម៍ឈ្មោះរបស់លោកគ្រូ អេភូថង គឺក្លឹប(Galaxy Navatra )(អេភូថង គុនខ្មែរ) ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏ជូនដំណឹងទៅដល់អ្នកដែលចង់ក្លាយជាអ្នកប្រដាល់ដែលមានបំណងចង់រៀន គឺអ្នកឧកញ៉ា ផ្ដល់អាហារូបករណ៍ជូនដោយ មិនបាច់បង់ថ្លៃហាត់ ផ្ដល់កន្លែងស្នាក់នៅហូបចុក មួយចប់។ តែត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបលោកគ្រូអេភូថងទទួល។
អ្នកឧកញ៉ា ក៏ជម្រាបជូនដល់ក្រុមហ៊ុនដែលមានបំណងផ្សព្វផ្សាយផលិតផល តាមកម្មវិធីប្រដាល់ អាចទាក់ទងមកបានមុននិងមាន លក្ខខ័ណ្ឌពិសេសបំផុតជូន ដើម្បីក្លឹបបានចំនូលចិញ្ចឹមជីវភាព ប្រដាល់គុនខ្មែរ៕