កាលពីពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់នូវចំណុចខ្វះខាតឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឲ្យបានសមរម្យ៕