ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំបញ្ចេញកម្លាំង ទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។
តាមរយៈសារជាបន្ទាន់នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី បានចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនា ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្ស ពិនសេន អគ្គបញ្ជាការនៃកងខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំងប្រដាប់អាវុធត្រៀមបាញ់ទម្លាក់ដ្រូនដែលហោះចូលក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ ។ ការចេញបទបញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានដ្រូនជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីវៀតណាមបានបដិសេធ ថា ដ្រូនទាំងនោះ មិនមែនជារបស់ខ្លួននោះទេ ដូច្នេះសម្តេចតេជោ បានប៉ានស្មានថា ដ្រូនដ៏ច្រើននេះ គឺជាដ្រូន របស់ពួក បច្ចាមិត្ត ដែលបានធ្វើសកម្មភាព វ៉ៃប្រហារទៅក្នុងទឹកដីវៀតណាម ដោយមួយចំនួន កំពុងបាក់ទ័ព ចូលទឹកដីកម្ពុជា។
ក្នុងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្បបញ្ចេញនូវអាវុធ សម្រាប់បាញ់យន្តហោះ (ដ្រូន) ទៅកាន់ទីកន្លែង ដែលដ្រូនហោះចូល ដោយប្រើប្រាស់អាវុធដ៏ទំនើបដើម្បីបាញ់ទម្លាក់រាល់ដ្រូនដែលហោះចូលមកកាន់ទឹកដីកម្ពុជា៕