សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឱ្យកំលាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ចេញកំលាំង៥០០នាក់ ជាមួយអាវុធ ២០០ដើម ដើម្បីពង្រាយ គ្រប់ច្រកល្ហក សម្រាប់ការបាញ់ ទម្លាក់ដ្រូន ជាច្រើន ដែលបានហោះចូលទឹកដីកម្ពុជា តាមព្រំដែនខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ។
តាមរយៈសារជាបន្ទាន់នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី បានចេញបញ្ជាឱ្យ សម្តេចពិជ័យសេនា ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្ស ពិនសេន អគ្គបញ្ជាការនៃកងខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង ប្រដាប់អាវុធត្រៀមបាញ់ទម្លាក់ដ្រូនដែលហោះចូលក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ ។ ការចេញបទបញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានដ្រូនជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីវៀតណាមបានបដិសេធ ថា ដ្រូនទាំងនោះ មិនមែនជារបស់ខ្លួននោះទេ ដូច្នេះសម្តេចតេជោ បានប៉ានស្មានថា ដ្រូនដ៏ច្រើននេះ គឺជាដ្រូន របស់ពួក បច្ចាមិត្ត ដែលបានធ្វើសកម្មភាព វ៉ៃប្រហារទៅក្នុងទឹកដីវៀតណាម ដោយមួយចំនួន កំពុងបាក់ទ័ព ចូលទឹកដីកម្ពុជា។
ក្នុងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយ សម្តេចពិជ័យសេនា ទា បាញ់ ឯកឧត្តម វង្ស ពិនសេន អគ្គបញ្ជាការនៃកងខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធ សម្រាប់បាញ់យន្តហោះ (ដ្រូន) ទៅកាន់ទីកន្លែង ដែលដ្រូនហោះចូល ដោយប្រអាវុធ ដ៏ទំនើបដើម្បី បាញ់ទម្លាក់ រាល់ ដ្រូន ដែលហោះចូលមកកាន់ទឹកដីកម្ពុជា៕