សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ប្រើយន្តការសម្របសម្រួលឲ្យអស់លទ្ធភាពលើរឿងក្តីនានា ដោយប្រើរូមមន្តឈ្នះឈ្នះ ដែលជាវិធីសាស្ត្រដ៏ល្អក្នុងការលុបបំបាត់ការចោទប្រកាន់មកលើតុលាការ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា “ខ្ញុំសូមស្នើលើកទឹកចិត្តឲ្យចៅក្រមទាំងអស់ យកចិត្តទុកដាក់ធ្វើការផ្សះផ្សារបញ្ចប់វិវាទរវាងគូភាគី ហើយធ្វើឲ្យបានស្រូត ដែលចៅក្រមត្រូវចេះប្រើវិធីរូបមន្តនៃការដោះស្រាយ ដោយត្រូវពិនិត្យឲ្យបានដឹងថាតើចំណុចណាខ្លះត្រូវគ្នា និងចំណុចណាខ្លះមិនត្រូវគ្នា ដើម្បីពង្រីកទំហំត្រូវគ្នា កាត់បន្ថយទំហំមិនត្រូវគ្នា ហើយទីបំផុតឈានទៅរកចំណុចត្រូវគ្នាទាំងស្រុង”។
បើតាមសម្តេចតេជោ បើកាលណាឈានដល់ការកាត់ក្តីឈ្នះចាញ់ហើយ អ្នកឈ្នះតែងនិយាយថា តុលាការយុត្តិធម៌ រីឯអ្នកចាញ់ថា តុលាការអយុត្តិធម៌ ដូច្នេះតុលាការគឺស្ថិតនៅវដ្តកម្ម ទោះបីយើងកាត់ក្តីយុត្តធម៌យ៉ាងណាក៏ដោយ ហើយក្រុមប្រឆាំងក៏តែងតែប្រើពាក្យនេះដែរ។
ហេតុនេះសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើឲ្យដោះស្រាយតាមរបៀបឈ្នះឈ្នះ ដែលជាវិធីសាស្ត្រដ៏ល្អ ហើយដែលរបៀបដោះស្រាយនេះ គឺរដ្ឋបាលអាជ្ញាធរដែនដីក៏ត្រូវចេញមុខដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យរឿងនេះមកដល់តុលាការ ហើយបើមកដល់ដៃតុលាការ ក៏ចៅក្រមមានតួនាទីសម្របសម្រួលដែរ៕
អត្ថបទ៖ អក្ខរា