ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌តម្លៃ​ជាង​ ១៤លានដុល្លារ​

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារសាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជា អតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌៕