សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែសីហាតទៅ យុវជនក្រីក្រ១,៥លាននាក់ នឹងត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយរដ្ឋជាអ្នកចំណាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ហើយចាប់ពីខែសីហា ឆ្នាំនេះទៅ កម្ពុជានឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។

សម្តេចតេជោបានឲ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង
នៅថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបប្រមាណ១លាន៥សែននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់យុវជនទាំងនោះថែមទៀត។

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា បង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ អក្ខរា